បើកទីតាំងហ្គេមបាញ់ត្រីចំនួន២ទីតាំងជិតស្រះទឹកផ្លូវ១១៣ សង្កាត់ចោមចៅ៣ ផ្គើននឹងបញ្ជាថ្នាក់ដឹកនាំល្មើសច្បាប់ខ្លាំងមែនទែន….
(ភ្នំពេញ) ៖ បញ្ហាហ្គេមបាញ់នៅតែបញ្ហាកើតឡើងឥតឈប់ឈរទោះបីជាមានការបង្ក្រាបយ៉ាងណាក៏ដោយ ជាពិសេសគឺការបើកដៃរមិនមានការបង្ក្រាបទាល់តែសោះ ថ្មីៗនេះមានទីតាំងហ្គេមបាញ់ត្រី និងហ្គេមភ្នាល់លុយដ៏ទៃទៀត ស្ថិតនៅផ្ទះគ្មានលេខជិតស្រះទឹក និងតាមបណ្ដោយផ្លូវ១១៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលផ្គើននឹងបទបញ្ជារបស់ដឹកនាំខ្លាំងមែនទែន។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានថ្លែងប្រាប់អង្គភាពព័ត៌មាន យើងឲ្យដឹងថា ទីតាំងទាំង២កន្លែងខាងលើនេះជារបស់ជនជាតិចិន ដែលបានបើកឲ្យក្មេងៗ និងមនុស្សវ័យជំទង់ចូលលេងភ្នាល់លុយយ៉ាងគឃ្លើនតែម្ដង ដោយមានមន្ដ្រីធំៗគ្រាក់ៗកាងនៅពីក្រោយខ្នង ដើម្បីឲ្យដំណើរការយ៉ាងរលូន។ ដោយសារតែមានមន្ដ្រីធំៗគ្រាក់នៅពីក្រោយខ្នងបែបនេះហើយ ទើបម្ចាស់ទីតាំងហ៊ានបើកយ៉ាងសេរីតែម្ដង ដែលមិនខ្លាំងអ្វីទាំងអស់ទោះបីបទបញ្ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាបិទល្បែងស៊ីសងយ៉ាងដាច់អលង្កាតែម្ដង។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារជាសំឡេងដែលមានរយៈពេលជាង ២១ នាទី នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច ដោយបានបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅកាន់មន្ត្រីថ្នាក់ក្រោមជាតិ និងអាជ្ញាធរពាក់ព័ន្ធ ឱ្យបង្ក្រាបឱ្យអស់នូវល្បែងស៊ីសងខុសច្បាប់ ខណៈសកម្មភាពបើកល្បែងស៊ីសង ដែលជ្រកក្រោមស្លាកល្បែងឡូតូ និងមានអាជ្ញាបណ្ណស្របច្បាប់ បានរីករាលដាលនៅតាមហាងកាហ្វេ និងហាងគុយទាវជាដើម។ ក្នុងនោះផងដែរ សម្ដេចក៏បានបញ្ជាអាជ្ញាធរឱ្យបិទហាងរកស៊ីណា ដែលនៅតែបន្តបើកល្បែងស៊ីសងទាំងនោះឱ្យបានជាដាច់ខាត ប្រសិនបើរកឃើញនោះ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានថ្លែងថា៖ «ខ្ញុំគិតថា កន្លែងលេងល្បែងមួយចំនួន មិនមែនមន្ត្រីមូលដ្ឋានមិនដឹងនោះទេ ទាំងកម្លាំងនគរបាល ឬអាវុធហត្ថ ឬមន្ត្រីរដ្ឋបាលរបស់យើង។ ក៏ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថា អស់លោកមានឆន្ទៈធ្វើ ឬមិនធ្វើ ឬក៏កន្លែងនោះជាទីកន្លែងរកប្រាក់របស់អស់លោក។ នេះជាចំណុច ដែលខ្ញុំគួរតែត្រូវនិយាយដោយត្រង់ៗ ទៅកាន់អស់លោកតែម្តង»។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ «ខ្ញុំមិនញញើតដៃជាមួយការដកចោល ដកចេញពីមុខតំណែង ជាមួយអភិបាលខេត្ត ឬអភិបាលរង ឬអភិបាលស្រុក ឬក៏ឋានៈនាយទាហាន នគរបាល អាវុធហត្ថ ចាប់ពីស័ក្កិប្រាំឡើងលើ ខ្ញុំនឹងចេញអនុក្រឹត្យដើម្បីបញ្ចប់ភារកិច្ចចោលតែម្តង»។
ទាក់ទិននឹងបញ្ហាខាងលើនេះ ប្រជាពលរដ្ឋសូមសំណូមពរដល់លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈខណ្ឌពោធិ៍សែនជ័យ ដែលទើបចូលកាន់ដំណែងថ្មីៗ និងលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មេត្តាចុះត្រួតពិនិត្យទីតាំងបទល្មើសខាងលើនេះផងទាន៕