ប្រទះឃើញគ្រាប់បែកបង្កៃមួយគ្រាប់នៅក្បែររដ្ឋសភាជាតិ
ថ្ងៃព្រហស្បតិ៍, 15 ខែធ្នូ 2022 2:07 ល្ងាច 28
គ្រាប់បែកបង្កៃ ០១គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅព្រឹកថ្ងៃទី១៥ ខែធ្នូ នេះ នៅលើសួនច្បារ ផ្លូវរដ្ឋសភា ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
អភិបាលរងខណ្ឌចំការមនបានអះអាងថា កាលពីព្រឹកព្រលឹមម៉ោង៦ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ អ្នកបោសសំអាតសំរាមនៅមុខសួនបានប្រទះឃើញមានអ្នកមកទម្លាក់ចោលគ្រាប់បែកបង្កៃ រួចក៏បានរាយការណ៍មកសមត្ថកិច្ច។
បើតាមលោកអភិបាលរងខណ្ឌចំការមន គ្រាប់បែកបង្កៃមួយគ្រាប់នោះជាករណីលួចដាក់ក្នុងគោលបំណងអាក្រក់ណាមួយ។ លោកអភិបាលរងខណ្ឌបានប្រាប់ឱ្យដឹងថា បច្ចុប្បន្នសមត្ថកិច្ចកំពុងតែស្រាវជ្រាវលើករណីនេះ។
អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក) លោក ហេង រតនា បានបញ្ជាក់ថា គ្រាប់បែកបង្កៃមួយគ្រាប់នោះត្រូវបានអាជ្ញាធរជំនាញរំដោះចេញដោយបំផ្ទុះតាមបែបបច្ចេកទេសនៅហ្នឹងកន្លែងដែលរកឃើញតែម្តងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ លោកបញ្ជាក់ថា ក្នុងករណីនេះ ពុំមានអ្នកណាម្នាក់រងរបួសឡើយ៕