អភិបាលក្រុងតាខ្មៅចាត់តំណាងឲ្យចុះដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អ,,,,,,,
កណ្តាល៖ ផ្លូវបេតុងមួយខ្សែម្ខាងស្ថិតនៅក្នុងភូមិព្រែកតាពៅ ហើយម្ខាងទៀតស្ថិតនៅក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ចូលតាមខ្លោងទ្វារវត្តបទុមសាគរហៅវត្តក្របៅ មានប្រជាពលរដ្ឋឈ្មោះ មាស សាវ៉ាត ភេទស្រី អាយុ៧៣ឆ្នាំ ដែលមានដីផ្ទះរបស់គាត់ជាប់នឹងផ្លូវបេតុងខាងលើនេះ នៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ បានលួចបោះបង្គោលរបងរំលោភចូលដីផ្លូវ ដោយពុំបោះបង្គោលឱ្យត្រង់តភ្ជាប់ពីរបងគេខាងមុខនោះទេ គឺគាត់ធ្វើចូលមកក្នុងដីផ្លូវ ទោះបីជាលោកមេភូមិព្រែកតាពៅ និងលោកមេភូមិដើមគ ព្រមទាំងលោកមេបុស្តិ៍សង្កាត់ដើមមៀនចុះមកឃាត់ក៏ដោយ ដូចដែលមានរូបភាពជូនជ្រាបជាភស្តុតាងស្រាប់។ នេះបើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យបណ្ដាញសារព័ត៌មាន យើងដឹងកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។
ប្រភពបន្តថា ដោយឃើញពីទង្វើរបស់គាត់ដូចនេះ ប្រជាជនដែលរស់នៅសងខាងផ្លូវបេតុងនេះ សុំប្ដឹងទៅអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ តាំងពីលោកមេភូមិទាំង២គឺ មេភូមិព្រែកតាពៅ និងមេភូមិដើមគ លោកចៅសង្កាត់ដើមមៀន លោកអភិបាលក្រុងតាខ្មៅ និងឯកឩត្តមអភិបាលខេត្តកណ្ដាល មេត្តាជួយសម្រួល និងដោះស្រាយ ដោយឱ្យគាត់ដកបង្គោលចេញពីផ្លូវ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរចេញចូលរបស់អ្នកភូមិដោយក្ដីអនុគ្រោះ។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា បើពាក្យពេចន៍ឃ្លាប្រយោគមិនត្រឹមត្រូវ សមរម្យ សូមលោកនាយកសាព័ត៌មាន ជួយកែសម្រួល និងជួយផ្សព្វផ្សាយ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងតាមរយះបណ្ដាញសារព័ត៌មានសង្គមឱ្យបានដឹងដល់លោក ដើម្បីចាត់វិធានការចុះមកដោះស្រាយជូនប្រជនទាំង២ភូមិខាងលើដោយក្ដីអនុគ្រោះ។
ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញបញ្ហាខាងលើ នៅរសៀលថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣ លោក ឃឹម សំភារៈ អភិបាលក្រុងតាខ្មៅបានឲ្យបណ្ដាញសារព័ត៌មានយើង ដឹងថា លោកបានចាត់តាំងលោក ឡាយ សំរិទ្ធ អភិបាលរងក្រុងតាខ្មៅ រួមជាមួយលោក ហែម សំអាង ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ក្រុងតាខ្មៅ មន្ត្រីភូមិបាលក្រុង លោកចៅសង្កាត់រងទី១ សង្កាត់ដើមមៀន លោកមេភូមិព្រែកតាពៅ១ លោកមេភូមិដើមគរ បានចុះពិនិត្យ និងណែនាំករណីប្រជាពលរដ្ឋ ឈ្មោះ មាស សាវ៉ាត បានរៀបចំសាងសង់របងខុសជួរកៀកនឹងផ្លូវបេតុងពេក ស្ថិតនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។
លោក ឃឹម សំភារៈ បានបន្តឲ្យដឹងថា ក្រុមការងារបានណែនាំ និងស្នើសុំឲ្យសាមីខ្លួនបញ្ឍប់ការសាងសង់សិន បើករណីចង់សាងសង់បន្តគឺត្រូវថយក្រោយឲ្យស្មើនឹងរបងខាងមុខ។
លោកអភិបាលក្រុងតាខ្មៅបានបញ្ជាក់ទៀតថា ជាលទ្ធផល សាមីខ្លួនបានយល់ព្រមបញ្ឈប់ការសាសង់របងខាងលើនេះបន្តទៀតហើយ៕