កណ្តាល៖ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តប្រចាំខែកុម្ភ: ឆ្នាំ២០២៣ ក្រោមវត្តមានលោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។
នាឱកាសនោះ លោក គង់ សោភ័ណ្ឌ បានណែនាំ និងក្រើនរំលឹកដល់អាជ្ញាធរក្រុង-ស្រុក ជាពិសេសកងកម្លាំងសមត្ថកិច្ចទាំងបី ត្រូវខិតខំរក្សាសន្តិសុខសន្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំកំពូលដែលឆ្លងកាត់ភូមិសាស្ត្រ ឬស្នាក់នៅក្នុងភូមិសាស្ត្រខេត្ត ជាពិសេសគឺត្រូវ ត្រៀមលក្ខណៈក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់សារធារណៈ ឲ្យបានហ្មត់ចត់បំផុត ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យព្រឹត្តិទៅបានជោគជ័យ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។
លោកអភិបាលខេត្ត បានស្នើឲ្យអជ្ញាធរ ក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ពិសេសបញ្ហាដីធ្លី និងការចុះបញ្ជីដីធ្លី លក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព ទាន់ពេលវេលា កងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់និង ពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់។