រដ្ឋបាលខេត្តព្រះសីហនុ បានព្រមានចាត់វិធានការរដ្ឋបាល និងច្បាប់ ក៏ដូចជាផ្អាកទីតាំង អាជីវកម្មបណ្តោះអាសន្នចំពោះម្ចាស់អគារ សណ្ឋាគារ និងកាស៊ីណូណា ដែលបង្ខាំង ឬបង្ខំបុគ្គលិក កម្មករ និយោជិត ឱ្យបម្រើការងារផុតពីលក្ខខណ្ឌ និងច្បាប់ស្តីពីការងារ។
លិខិតរដ្ឋបាលរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា អាជ្ញាធរខេត្តនឹងចាត់វិធានការរដ្ឋបាល និងច្បាប់ចំពោះម្ចាស់អគារ សណ្ឋាគារ និងកាស៊ីណូដែលប្រើប្រាស់ហត្ថពលករដោយបង្ខំ។
ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីក្នុងរយៈពេលកន្លងមក រដ្ឋបាលខេត្តព្រះសីហនុបានសង្កេត ឃើញថា ការជ្រើសរើស ការគ្រប់គ្រង ការចាត់ចែង ការអនុវត្តកិច្ចសន្យាការងារ រវាងនិយោជក និងបុគ្គលិក កម្មករ និយោជិតមួយចំនួននៅមិនទាន់ស្របតាមនីតិវិធីច្បាប់នៅឡើយ ដែលជាហេតុបណ្តាលឱ្យកើត មានវិវាទការងារ ហើយរដ្ឋបាលខេត្ត ក៏បានទទួលពាក្យបណ្តឹង និងដោះស្រាយវិវាទការងារ ជាបន្តបន្ទាប់ច្រើនករណីមកហើយ។
លិខិតរដ្ឋបាលរបស់ឯកឧត្តម គួច ចំរើន បានសង្កត់ធ្ងន់ថា ដើម្បីដោះស្រាយ និងកាត់បន្ថយវិវាទការងារប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ជាពិសេសដើម្បីទប់ស្កាត់ការបំពេញការងារដោយបង្ខំ ឬជាកាតព្វកិច្ចដែលអាចប្រឈមនឹងការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ក្រោមរូបភាពរកការងារឱ្យធ្វើក្នុងទម្រង់រាងប្រវ័ញ្ចពលកម្ម រដ្ឋបាលខេត្តព្រះសីហនុ ហាមឃាត់ជាច់ខាតចំពោះការងារដោយបង្ខំ ឬជាកាតព្វកិច្ច, ការជួលមនុស្សឱ្យធ្វើការងារដើម្បីកាត់ជំពាក់, ការកាត់ប្រាក់ឈ្នួលក្នុងគោលបំណងឱ្យអ្នកទទួលរកការឱ្យធ្វើ ទោះបីដោយចំពោះក្តី ឬមិនចំពោះក្តី ឱ្យទៅនិយោជក អ្នកតំណាងនិយោជក ឬអន្តរការីណាម្នាក់ ដូចជាភ្នាក់ងារទទួលជ្រើសរើស ហត្ថពលករ ជាដើម។