ជាការលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែង និងទទួលបានការគាំទ្រ អាណិតស្រលាញ់យ៉ាងច្រើនពីសំណាក់ទស្សនិកជន និងប្រជាពលរដ្ឋ ចំពោះ កីឡាការិនី អត្តពលិកកម្ពុជា ប៊ូ សំណាង នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ បានទទួលជួប និងផ្តល់ជូននូវថវិកាចំនួន ១ លានរៀល ។
កីឡាការិនី ប៊ូ សំណាង អត្តពលិកកម្ពុជា ដែលបានស៊ូទ្រាំរត់ក្រោមតំណក់ភ្លៀងរហូតដល់គោលដៅទីក្នុងចម្ងាយ ៥ ០០០ ម៉ែត្រ នៅក្នុងការប្រកួតនាពេលកន្លងមកនេះ ក្នុងព្រឹត្តការណ៍នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ។
ប៊ួ សំណាង គឺជាអត្តពលកកម្មរបស់កម្ពុជាមួយរូប ក្នុងចំណោមអត្តពលិកជាច្រើនទៀត បានខិតខំកម្លាំងកាយចិត្ត ដើម្បីចង់បានមេដាយជូនជាតិ ខណៈកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំ ស៊ីហ្គេមលើកទី៣២ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ពោលគឺកម្ពុជារង់ចាំអស់ រយៈពេល៦៤ឆ្នាំ មកហើយទម្រាំបានធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនេះ។ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានថ្លែងការកោតសរសើរចំពោះទឹកចិត្តរបស់ក្មួយស្រី ប៊ួ សំណាង ដែលប្រឹងប្រែងរត់រហូតដល់ទីដៅ ទោះបីជួបឧបសគ្គ និងក្រោយគេក៏ដោយ តែព្យាយាមក្នុងទឹកចិត្តស្រលាញ់កីឡា។
ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ការផ្តល់ថវិកានាឱកាសនេះ មិនមែនអោយធ្វើចាញ់ទៀតនោះទេ តែជាការលើកទឹកចិត្តអោយបន្តខិតខំធ្វើការហ្វឹកហាត់អោយកាន់តែខ្លាំងបន្ថែមទៀត ដើម្បីការប្រកួតក្រោយៗទៀតទទួលបានលទ្ធផលល្អជាងនេះ ។
ជាការឆ្លើយតប កីឡាការិនី ប៊ូ សំណាង បានគោរពសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ និងថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាន រួមទាំងសប្បុរសជននានាដែលបានផ្តល់ជូននូវថវិកាជាលើកទឹកចិត្តដល់រូបនាងផ្ទាល់នាពេលនេះ ដើម្បីផ្តល់ជាកំលាំងចិត្តសម្រាប់ការប្រកួតនាពេលខាងមុខបន្តទៀត ។
ថវិកាដែលផ្តល់ជូនដល់ កីឡាការិនី ប៊ូ សំណាង នាឱកាសនេះរួមមាន ឯកឧត្តម ខៀវ កាញារីទ្ធ ១ លានរៀល ឯកឧត្តម សូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងព័ត៌មាន ១ លានរៀល ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ១ លានរៀល ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ១០០ ដុល្លា និងជូនសៀវភៅ១ក្បាល មានចំណងជើងថា < កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅ បន្តវេន ហ៊ុន ម៉ាណែត ។
ជាមួយនេះក៏មានការរួមចំណែកលើកទឹកចិត្ត ក្មួយស្រី ប៊ូ សំណាង ពី ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៏ ចំនួន ២ លានរៀល លោក លឹម ជាវុត្ថា នាយកគ្រប់គ្រង ហ្វ្រេសយ៉ូវ FRESHNEWS ១ លានរៀល ឯកឧត្តម ហួត ពុំ អនុរដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៥០ មុឺនរៀល ឯកឧត្តម ឈន សុភាព រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ១ លានរៀល, ឯកឧត្តម នេត្រ ភត្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ១ លាន រៀល ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ១ លានរៀល ឯកឧត្តម សុខ សុីផាន់ណា និងលោកជំទាវ ខៀវ ម៉ាលី ២០០ ដុល្លា ឯកឧត្តម ជុំ ងឿន និង លោកជំទាវ ១០០$ ឧកញ៉ា ជុន ស៊ីវ៉េង និងលោកជំទាវ ១០០$ រួមទាំងសប្បុរសជនជាច្រើនទៀតដែលបានផ្តល់ជូនជាបន្តបន្ទាប់ ៕