នាឱកាសថ្ងៃចូលព្រះវស្សា ថ្ងៃពុធ ១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៣ នេះ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំសាច់ញាតិ ក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ លោកជំទាវភរិយាថ្នាក់ដឹកនាំ ឥស្សរជន និងមន្ត្រីកាកបាទក្រហមកម្ពុជា បានអញ្ជើញបូជាទៀនធូប ផ្កាភ្ញីថ្វាយព្រះពុទ្ធរូប និងនាំយកទៀនព្រះវស្សា រួមជាមួយទេយ្យទាន បច្ច័យមួយចំនួនទៀត ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅទីអារាមវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ដែលស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បន្ទាប់ពីវេរប្រគេនទៀនព្រះវស្សា និងគ្រឿងលំដាប់ព្រះវស្សាដល់សម្តេចសង្ឃ-ព្រះសង្ឃរួចមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ព្រមទាំងគណៈប្រតិភូ បានអញ្ជើញអុជទៀនធូបនៅមុខព្រះអង្គធំក្នុងព្រះវិហារ និងធ្វើបទមនសិការព្រះរតនត្រៃចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមនុញ្ញផលជូនដល់បុព្វការីជនមាន មាតា បិតា ជីដូន ជីតា និងញាតិការគ្រប់ៗសណ្តានផងដែរ។ នាឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជូនតាជីយាយជីចំនួន ១០០នាក់ នូវក្រណាត់ស ១ដុំ និងថវិកា ៥ម៉ឺនរៀលផងដែរ៕