(រាជធានីភ្នំពេញ)នៅព្រឹកថ្ងៃសៅរ៍១៤រោច ខែមាឃ ឆ្នាំថោះ បញ្ចសក័ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីសិក្ខាសាលាបណ្ដុះបណ្ដាលគ្រូបង្គោល កម្មវិធី មនសិការពលរដ្ឋល្អ។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណ: និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅអគារមជ្ឈមណ្ឌលម៉ានី រាជធានីភ្នំពេញ។
សូមជម្រាបថាៈ កម្មវិធីមនសិការពលរដ្ឋល្អនេះ បង្កើតឡើងក្នុងគោលបំណងបណ្ដុះមនសិការផ្នត់គំនិតដល់យុវជនកម្ពុជា ដើម្បីក្លាយជាសសរទ្រូងប្រទេសជាតិ។
កម្មវិធីមនសិការពលរដ្ឋ សម្រាបចក្ខុវិស័យកសាងនិងអភិវឌ្ឍន៍ធនធានយុវជនឱ្យក្លាយជាមូលធនមនុស្ស ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិនាពេលអនាគត ប្រកបដោយចីរភាព និងបរិយាប័ន្ន ក្នុងបរិការ ដែលនឹងកំពុងអំណោយផល ពីសន្តិភាព ស្ថេរភាពនយោបាយ សុខសណ្ដាប់ធ្នាប់សាធារណ: ការអភិវឌ្ឍន៍ និងវិនិយោគ ក្រោមម្លប់ដ៏ត្រជាក់នៃមគ្គុទ្ទេសក៏វ័យក្មេង ជាចង្កូតនាវាកម្ពុជា នោះគឺ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។