ឯកឧត្តម ស សុខា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារអភិវឌ្ឍយុវជនស្រុកព្រះនេត្រព្រះ
(បន្ទាយមានជ័យ): នៅព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២២ លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារខ២៧ ចុះជួយស្រុកស្វាយចេក បានអមដំណើរ ឯកឧត្តម ស សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណបក្ស ចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបន្ទាយមានជ័យ អញ្ជើញចុះសំណេះសំណាល និង ពិសាអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារអភិវឌ្ឍយុវជនស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ឯកឧត្តម ស សុខា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ ដែលបានដឹកនាំក្រុមការងារ ចូលរួមធ្វើការងារសង្គម និងមនុស្សធម៌ ក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ ដែលក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២២ នេះ បានរហូតដល់ ៤៣០លើក ចំណាយអស់ថវិកា ចំនួន ១០៦ ១៦៧ ៩០០រៀល និង ៣៩ ៨៧៩ដុល្លារ។ឯកឧត្តម ស សុខា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ ទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងទ្រព្យធនផ្ទាល់ខ្លួន ចូលរួមធ្វើសកម្មភាពសង្គម និងមនុស្សធម៌ បម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាប្រទេសជាតិទាំងមូល៕